Wednesday, December 2, 2009

ពិធីបុណ្យចូលឆ្នាំខ្មែរ

មនុស្សគ្រប់ជាតិសាសន៍តែងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មី គេនិយមកំណត់ពេលវេលានិងរៀប​ចំ​បុណ្យនេះ​​ប្លែកៗគ្នាស្របទៅតាមជំនឿ ទំនៀមទំលាប់ និងប្រពៃណីរបស់គេ។ ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលរៀងរាល់ឆ្នាំរហូតមក។
បុព្វហេតុដែលនាំអោយបញ្ចប់ឆ្នាំចាស់ហើយចូលឆ្នាំថ្មីនេះ ដោយអ្នកខ្លះមានជំនឿតាម​រឿងព្រេងមួយដែលមានសេចក្តីជាអាទិ៍ថា «កបិលមហាព្រហ្ម» បានចោទប្រស្នា ៣ខ ដល់​ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀនចប់នូវត្រៃវេទ និងចេះភាសាបក្សីទាំងពួង​ហើយបាន​សន្យាថា បើដោះស្រាយមិនរួចទេនឹងកាត់ក្បាល ធម្មបាលទាល់ប្រាជ្ញា ប៉ុន្តែទីបំផុតបាន​ស្តាប់​សត្វឥន្ទ្រីញីឈ្មោល សន្ទនាគ្នាអំពីប្រស្នានោះទើបបានយល់ហើយដល់ថ្ងៃកំណត់ក៏បានឆ្លើយថា ៖ ខទី១៖វេលាព្រឹកសិរីសួស្តីស្ថិតនៅមុខ ទើបមនុស្សត្រូវយកទឹកលុបមុខ។ ខទី២៖វេលាថ្ងៃត្រង់សិរីសួស្តីស្ថិតនៅទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។ ខទី៣៖វេលាល្ងាចសិរីសួស្តីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកលាងជើង។
កបិលមហាព្រហ្មត្រូវកាត់ក្បាលបូជា ធម្មបាលកុមារ ហើយអោយកូនស្រីទាំង៧នាក់យក​ពានមក​ទទួលក្បាល រួចហើយកូនច្បងហែរប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ទើបយកទៅទុកក្នុងមណ្ឌល​នៅក្នុងគុហា គន្ធមាលី នៃភ្នំកៃលាស។ លុះគំរប់ឆ្នាំ សង្ក្រាន្ត ទេពធីតាទាំង៧ ក៏ផ្លាស់វេនគ្នា​ហែរក្បាល កបិលមហាព្រហ្ម ប្រទក្សិណ ភ្នំព្រះសុមេរុរាល់ៗឆ្នាំរហូតមក។ ហេតុនេះហើយបានជាមានសង្ក្រាន្ត ឬទំនៀមដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ។ អ្នកខ្លះទៀតមានជំនឿថា ក្នុងរវាង១ឆ្នាំដែលរស់នៅជួនកាលគេជួប្រទះចង្រៃឧបទ្រព ជួនកាល​មាន​ជំងឺប្រចាំកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើសៅហ្មងផ្សេងៗជាដើម។

លុះផុតឆ្នាំចាស់នេះទៅគេធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ ដើរលេងអោយសប្បាយឲអស់កង្វល់​អោយបាត់នឿយហត់ រួចទើបចាប់ផ្តើមសាងជីវភាពថ្មីឲបានជួបប្រទះសុភមង្គលគ្រប់ប្រការ និងអាយុយឺនយូរតទៅមុខទៀត។ តាមទំនៀមទំលាប់ពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។
ថ្ងៃដំបូងជាថ្ងែមហាសង្ក្រាន្ត ថ្ងៃទី២ជាថ្ងៃរណបត ថ្ងៃទី៣ជាថ្ងៃឡើងស័ក។ ឯការកំណត់ថ្ងៃខែម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយដែលទេពតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេពតា​ឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ដោយអាស្រ័យក្បួនហោរាសាស្ត្រតាមបែបបុរាណ គឺក្បួនមហាសង្គ្រាន្តនេះឯង។
នៅប្រទេសកម្ពុជា តើថ្ងៃចូលឆ្នាំថ្មីត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ(វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ នៃខែកត្តិកជាខែទី១២។ លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី៥) ដែលជាដើមឆ្នាំកំណត់ ព្រះអាទិត្យចូល​កាន់​មេសរាសី ឯថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៤ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំប៉ុន្តែយូរៗ​ទៅប្រហែលជាមានភ្លាត់ម្តងៗចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត»(ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើក្បាលជាសង្ក្រាន្ត)។ ឯមហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្ត»(ពេលដែលព្រះអាទិត្យដើរ បញ្ឆៀងមិនត្រង់ពីលើក្បាលសង្ក្រាន្ត)។ គេនៅប្រើចន្ទគតិអែបនឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិជាច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្មុងវេលារនោចទៅវិញ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ៤កើតខែចែត្រ និងមិន​ហួសថ្ងៃ៤កើត ខែពិសាទទេ ដូចនេះឃើញថាសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាទក៏មាន។
ក្រៅពីនេះ យើងមានឯកសារខ្លះទៀតដែលបញ្ជាក់ថា ខ្មែរយើងប្រារព្ធពិធីចូលឆ្នាំនៅខែចេត្រ ដូចអត្ថបទរបស់លោក ជីវតាក្វាន់ថានៅខែចែត្រខ្មែរយើងបានធ្វើបុណ្យដោយមានលេងល្បែង​ចោលឈូងផង។ ឯសិលាចារឹតនៅប្រាសាទព្រះខាន់ ក៏បានចែងថា ខ្មែរបានធ្វើបុណ្យក្នុង​ខែចេត្រដែរ។
ចំពោះពិធីផ្សេងៗក្មុងឱកាសទទួលឆ្នាំថ្មី ខ្មែរយើងបានរៀបចំ​តាម​​ប្រពៃណី​ដូចតទៅនេះ៖ នៅពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សំអាតផ្ទះសំបែង កាត់សំលៀក​បំពាក់ថ្មីៗ​​ជាដើម។ ថ្ងៃចូលឆ្នាំមកដល់គេរៀបចំពលិការចាំទទួលទេវតាថ្មីដែលមានជាអាទិ៍ៈទៀន៥ ធូប៥ ផ្កា លាជ៥ បាយសី៥ ថ្នាក់១គួ បាយសីបាក្លាម១គួ ស្លាធម៌១គួរ ស្លាបារី១ពាន ផ្កាផ្លែឈើ។ លុះរណ្តាប់រៀបរួចស្រេចហើយ គេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបពលិកានោះ ហើយអុជ​ទៀន​ធូបបន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី រួចនាំគ្នាសូត្រនមស្ការបង្គំព្រះ​ហើយ​បែកគ្នាទៅ។ ឯពិធី៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ៖
ថ្ងៃទី១ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឈនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារឫជុំវិញដើមពោធិណាមួយក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃនិមន្តលោកចំរើនព្រះបរិត្ត និងសំដែង​ធម្មទេសនា។
ថ្ងៃទី២ កូនឫចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណមានឪពុកម្តាយ​ជីដូនជីតា​ជាដើម។ គេធ្វើទានដល់អ្នកបំរើអ្នកក្រីក្រឯទៀត។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយ​សូត្រធម្ម​​អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់​ទុកដូច​ចូឡាមណីចេតិយ ហើយនិមន្ត​ព្រះសង្ឃ​ប័ង្សុកូលចេតិយ បញ្ជូនមគ្គផលវញ្ញាណក្ខន្ធ​បងប្អូន​ដែលបាន​​ស្លាប់ទៅហើយ។
ថ្ងៃទី៣ ពេលព្រឹកនិមន្តព្រះសង្ឈឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក(តាមការនិមន្តនៃស្រុកខ្លះ) និងស្រង់ព្រះពុទ្ធរូប។
នៅក្នុងឱកាសចូលឆ្នាំនេះ បណ្តាជននាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តជាច្រើនដូចជា លេង​បោះឈូង បោះអង្គុញ ទាញព្រ័ត្រ មានរបាំត្រុដិ (ច្រើននៅបាត់ដំបង សៀមរាប) ជាដើម។


គេហទំពរព័ត៌មានផ្សេងៗ

គេហទំព័រព័ត៌មានកម្សាន្ត

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

គេហទំព័របទចម្រៀងថ្មីៗ