Wednesday, November 13, 2013

វិធីសាស្ត្រធ្វើស្រែតាមរបៀបកសិករខ្មែរ

ភាគច្រើននៃប្រជាជនខ្មែរជាកសិករ។ ហើយវិធីសាស្រ្តក្នុងការធ្វើស្រែរបស់កសិករយើងបានបង្រៀនតកូនតចៅពីជំនាន់មួយទៅជំនាន់មួយទៀត។ ខ្ញុំសូមលើកយកនូវវិធីសាស្រ្តធ្វើស្រែរបស់កសិករនៅខេត្តតាកែវមកបង្ហាញជូនតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំ


វីធីសាស្រ្ត

  1. លើកភ្លឺដើម្បីទប់ទឹក
  2. យកជីអាចមន៍គោទៅដាក់នៅស្រែ រាយអោយពេញស្រែ)មុនពេលភ្ជួរដាស់ស្រែ
  3. បង្ហូរទឹកដាក់អោយពេញស្រែ
  4. ចាប់ផ្តើមភ្ជួរ។ បន្ទាប់ពីភ្ជួរត្រូវផ្អាប់ទុករយៈពេលប្រហែលកន្លះខែរហូតដល់ដីឡើងផុស។
  5. រើសមើលគ្រាប់ពូជស្រូវ តើចង់ធ្វើស្រូវស្រាល(អាចហៅថាស្រូវកន្លះ) ឬ ស្រូវធ្ងន់។ ធម្មតាស្រូវស្រាលអាចប្រមូលផលក្នុងរយៈពេលប្រហែលបីខែ, ឯស្រូវធ្ងន់វិញ ទាល់តែប្រហែលប្រាំមួយខែទើបអាចប្រមូលផលបាន។
  6. យកគ្រាប់ពូជទៅដាក់ត្រាំទឹកពីឬបីថ្ងៃដើម្បីអោយវាដុះពន្លកចេញមក
  7. ពិនិត្យមើលបរិមាណទឹកនៅក្នុងស្រែសិន។ បើទឹកច្រើនពេកត្រូវបើកទឹកបង្ហូរចេញសិន ដោយហេតុថាកាលណាទឹកច្រើនពេកគ្រាប់ពូជស្រូវរាយមិនស្មើសាច់ដី, វាអាចនិងអណ្តែតប្រមូលផ្តុំគ្នាម្តុំៗ។ កំរិតទឹកគួរតែល្មមត្រឹមសើមជោកដីជាផុកប៉ប៉ាច់ៗ
  8. បន្ទាប់មកទៅរាស់ភ្ជួរដីស្រែ ឡើងវិញរួចរាស់ដីស្រែអោយម៉ត់
  9. ខណ្ឌ័រងដោយនង្គ័លដើម្បីសាបព្រោះ ។ រងនីមួយៗអាចយកទំហំប្រហែលមួយម៉ែត្រកន្លះ។
  10. គ្រាប់ពូជដែលបានត្រាំទឹកនិងដុះចេញជាពន្លកហើយនោះ និងមានឬសដុះកណ្តាញ់ជាប់គ្នា។ អ្នកត្រូវត្រសុសវាអោយដាច់ឬសចេញពីគ្នាជាមុនសិនមុននិងយកទៅសាបព្រោះ។ ធ្វើបែបនេះដើម្បីកុំអោយពេលសាបព្រោះវានៅម្តុំៗជាប់គ្នា។ បន្ទាប់មកយកគ្រាប់ពូជនោះទៅព្រោះលើរងដែលបានរៀបចំទុកហើយ។
  11. ទុករយៈពេលកន្លះខែទៅមួយខែទៅតាមប្រភេទស្រូវ សំខាន់ដើម្បីអោយវាដុសចេញមកអោយបានប្រវែងប្រហែលជាងមួយតឹក
  12. មុនពេលដកសំណាបត្រូវរៀបចំដីស្រែសំរាប់ស្ទូង។ ដូចខាងលើជំហានទីមួយ ដល់ទីបួន។
  13. ចាប់ផ្តើមដកសំណាប ចងជាកណ្តាប់ៗ។ កាត់ចុងសំណាប រួចត្រាំទឹកទុករយៈពេលពីថ្ងៃដើម្បីអោយឬសវារឹងមាំសិន។
  14. ភ្ជួររាស់ស្រែម្តងទៀត រួចយកសំណាបដែលបានផ្អាប់ទុកពីរថ្ងៃនោះទៅស្ទូង
  15. ថែទាំស្រែជាប្រចំា ពិនិត្យទឹកកុំអោយច្រើនហួសពេកឬតិចពេក , បោចស្មៅ, ដាក់ថែមជីប្រសិនបើស្រូវអន់
  16. នៅពេលស្រូវចេញដង្ហើម(ឬថាស្រូវផើមរៀបនិងចេញគួរ) ជាពេលសំខាន់ មិនត្រូវអោយមានទឹកច្រើនពេកនៅក្នុងស្រែ ហើយក៏មិនត្រូវគោកព្រោះស្រូវអាចស្កក
  17. នៅពេលស្រូវទុំត្រូវបង្ហូរទឹកចេញពីឬបីថ្ងៃមុនពេលច្រូតកាត់
ដោយ ជិន សៅ (និស្សិតឆ្នាំទីបី ផ្នែកវិទ្យាសាស្រ្តសេដ្ជកិច្ច)

0 comments:

Post a Comment

គេហទំពរព័ត៌មានផ្សេងៗ

គេហទំព័រព័ត៌មានកម្សាន្ត

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

គេហទំព័របទចម្រៀងថ្មីៗ