Wednesday, November 13, 2013

ប្រវត្តិប្រពៃណី ថ្វាយបង្គំ និងសំពះខ្មែរ

គ្រប់ប្រជាជាតិដែលមានអារ្យធម៌និងវប្បធម៌ តែងមានរបៀបឬប្រពៃណី នៃការគោរពគ្នាទៅវិញទៅមក ដោយឡែកៗពីគ្នា ដូចជា សំពះ ចាប់ដៃ ងក់ក្បាល លំអោនកាយ លើកដៃស្ទាបទ្រូង ឬ យកដៃ ទៅស្ទាបស្មាអ្នកដែលខ្លួនគោរព...។ល។
តែរបៀប ឬប្រពៃណីនៃការគោរពនីមួយៗ គឺផ្អែកលើ​មូលដ្ឋានវប្បធម៌ ទំនៀមទំលាប់ ចរិកលក្ខណៈ ឬ មូលដ្ឋានសាសនារបស់ជនជាតិនោះ។ នៅទីនេះ សូមអនុញ្ញាតមិនធ្វើអត្ថាធិប្បាយ អំពីរបៀបគោរពនៃជនជាតិដទៃឡើយ តែសូម​សាកល្បង​ធ្វើការសិក្សា ស្រាវជាវ និងបកស្រាយត្រួសៗ អំពីរបៀបគោរពតាមបែបខ្មែរ ទុកជូនជាចំណេះដឹង សំរាប់ស្រាវជ្រាវបន្តទៅថ្ងៃក្រោយ។
ការគោរពរបស់ខ្មែរ សំដែងចេញតាមរយៈរូបភាពពីរ ទីមួយគឺតាមរយៈពាក្យសំដី និងទីពីរ តាមរយៈកាយវិការ។ ការគោរពតាមរយៈពាក្យសំដី យើងមិនអាចកំណត់ថាមានប៉ុន្មានបែប ប៉ុន្មានយ៉ាងបាននោះឡើយ គឺអាស្រយ័ដោយសមត្ថភាព និង ចំណេះដឹងរបស់ម្នាក់ៗ បកស្រាយ​ទៅតាមកំរិតយល់ដឹង និងមនោសញ្ចេតនាផ្ទាល់ខ្លួន។
រីឯការគោរពតាមរយៈកាយវិការ គឺជាទង្វើមួយ ដែលគេអាចមើលឃើញដូច្នេះវាទាមទារ​អោយមាន​រូបភាពសមរម្យ និងទទួលស្គាល់ជាទូទៅពីជំនាន់មួយទៅជំនាន់មួយ។
សង្គមមនុស្សមានវណ្ណៈនិងឋានៈ។ ហេតុនេះការគោរពគ្នា ក៏ត្រូវបានបែងចែកទៅ​តាមវណ្ណៈ​និងឋានៈផងដែរ។
ការគោរពរបស់ខ្មែរបកស្រាយតាមន័យ និង រូបភាពងាយយល់គឺ "ការថ្វាយបង្គំ និង សំពះ" ដែលស្មេរ សូមសន្មតហៅថា"ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ"។ តាមការសិក្សាស្រាវជ្រាវ គេអាចសន្និដ្ឋានបានថា ការថ្វាយបង្គំ ឬសំពះខ្មែរ គឺផ្តើមចេញពីមូលដ្ឋាននៃសាសនា។
ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយនៅប្រទេសខ្មែរតាំងពីពុទ្ធសតវត្សទី៣ មកម្លេះ និងចេះតែវិវត្ត​ទៅតាមដំណើរប្រវិត្តសាស្ត្រនៃប្រទេសជាតិរហូតមកដល់សព្វថ្ងៃ ហើយក៏បានក្លាយទៅ​ជា​សាសនារដ្ឋ​ដែលមានប្រជាជនភាគច្រើន(ជាង៩០ភាគរយ) ប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ក្នុងរាល់ពិធីពុទ្ធសាសានាផ្សេងៗ ពុំបានទាមទារចាំបាច់ នូវដង្វាយ គ្រឿងសក្ការៈ ឬ ទេយ្យវត្ថុអ្វី​ដែលថ្លៃថ្នូរ ខ្ពង់ខ្ពស់ ក្រៅពីផ្កាមួយទង ឬ មួយបាច់នោះឡើយ។ ក្នុងពិធីសូត្រមន្ត ឬ ទេសនា​ណាមួយ វត្ថុចាំបាច់ដែលត្រូវមាន គឺរូបដែលជាតំណាងនៃព្រះពុទ្ធអង្គ និង ផ្កាមួយថូជាការគ្រប់​គ្រាន់​ទៅហើយ។ ចំពោះផ្កានោះទៀតសោត ពុទ្ធសាសនិកជនទូទៅច្រើនតែនិយមយកផ្កាឈូក​សំរាប់ថ្វាយព្រះពុទ្ធអង្គ។ រីឯផ្កាឈូកដែលល្អបំផុត គឺផ្កាឈូកក្រពុំ។
ប្រហែលជាផ្អែកលើមូលដ្ឋាននេះឯង(ផ្កាឈូកបូជាព្រះ) ទើបសាសនិកជនកំណត់យក នូវកិរិយា​ប្រណម្យបង្គំ និង សំពះព្រះពុទ្ធ ដោយផ្គុំបាទដៃទាំងពីរចូលគ្នា មានសណ្ឋានដូច"ឈូកក្រពុំ" ជានិមិត្តរូបនៃគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធ សន្មត់ទុកជា "កិរិយា" គោរពដ៏ស្មោះស្មគ្រ័ និងខ្ពង់​ខ្ពស់​បំផុត។ ហើយចំណេរ តរៀងមក ប្រជាជនដែលជាពុទ្ធសាសនិកជនទាំងនោះ ក៏បានឆ្លៀត​ទាញយកប្រយោជន៍ពី "កិរិយាបង្គំសំពះ"នេះ មកសំដែងមនោសញ្ចេតនា នៃការគោរពគ្នាទៅវិញ​ទៅមក "ហើយបន្តិចម្តងៗ កាយវិការនៃការសំពះ" ក៏បានក្លាយទៅជាប្រពៃណីនៃការគោរពគ្នា ក្នុងចំណោមពុទ្ធសាសនិកជនទូទៅ ដែលយើងតែងសង្កេតឃើញ ប្រជាជននៅតាមបណ្តាប្រទេស ដែលនិយមកាន់ព្រះពុទ្ធសាសនា ដូចជាប្រទេសកម្ពុជា ឥណ្ឌា ភូមា ឡាវ ថៃ សិរីលង្កា បង់ក្លាដេស ចិន ... ជាដើម តែងគោរពគ្នាដោយសំពះ។
ក្រោយពីពុទ្ធសាសនិកជនទាំងនោះ ព្រមទទួលយកនូវកិរិយា "បង្គំសំពះ" នេះហើយ កាយវិការ​នៃការបង្គំសំពះ ក៏ចាប់ផ្តើមអភិវឌ្ឍន៍គុណភាពរបស់ខ្លួន ទៅតាមដំណើរជីវភាពសង្គម នៃជនជាតិ​និមួយៗ រហូតដល់មានរូបភាពខុសប្លែកគ្នា ទៅតាមការនិយមនិងសន្មត់រៀងៗខ្លួន។
និពន្ធ​ដោយ សំបូរ 

0 comments:

Post a Comment

គេហទំពរព័ត៌មានផ្សេងៗ

គេហទំព័រព័ត៌មានកម្សាន្ត

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

គេហទំព័របទចម្រៀងថ្មីៗ